បាត់ដំបង ៖ ប្រជាពលរដ្ឋក្នុងភូមិក្បាលតោល ភូមិព្រែកទាល់និងភូមិពាក់កន្ទេល ស្ថិតក្នុងឃុំកោះជីវាំង ស្រុក ឯកភ្នំ ដែលជាតំបន់អភិរក្សឡូត៍នេសាទលេខ១ និងតំបន់អភិរក្សឡូត៍លេខ២ គ្រប់គ្រងដោយមន្ត្រីសង្កាត់ ជលផលក្បាលតោល និងមន្ត្រីសង្កាត់ជលផល កំពង់ប្រហុក បានអះអាងថា មន្ត្រីទាំងនោះបង្ក្រាបបានតែអ្នក នេសាទតូចតាច រីឯ
អ្នកនេសាទធំៗ ហាក់បីដូចជាដឹងព័ត៌មានមុនជានិច្ច មិនដែលចាប់បានម្តងណាឡើយ។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់លួចដាក់ស្បៃមុងជាង១០ម៉ែត្រ ក៏ត្រូវមន្ត្រីទាំងនោះដឹងភ្លាម ហើយចាប់យក ភ្លែត។ ប៉ុន្តែសំរាប់ឈ្មួញធំៗដែលគេដាក់ស្បៃមុងពណ៌ខ្មៅឬពណ៌ក្រហម ចាប់ពី១០០០ម៉ែត្រដល់ជិត៣០០០ ម៉ែត្រ មិនធ្លាប់បានឃើញមន្ត្រីសង្កាត់ជលផលទាំង២ចុះចាប់បានម្តងណាឡើយ។
ប្រជាពលរដ្ឋបានរិះគន់មន្ត្រីទាំង២សង្កាត់នោះថា អាចមានការឃុបឃិតពុករលួយហើយផ្តល់ព័ត៌មានឲ្យដឹង មុននឹងចុះទៅបង្ក្រាបតំបន់ទាំង៣ភូមិនោះ។ ប្រជាពលរដ្ឋបានបន្តថា «ការចុះបង្ក្រាបទ្រង់ទ្រាយធំៗរបស់មន្ត្រី ទាំង២សង្កាត់នោះ ហាក់បីដូចជាក្រុមឈ្មួញធំៗដឹងដំណឹងមុន រួចនាំគ្នាពន្លិចស្បៃមុង ចូលទៅក្នុងទឹកធ្វើឲ្យមន្ត្រី
ទាំងនោះមើលមិនឃើញឬមិនដឹង»។ ប៉ុន្តែក្រោយពីមន្ត្រីទាំង២សង្កាត់នោះឡើងមកវិញ គឺក្រុមឈ្មួញទាំងនោះ ចាប់ផ្តើមលើកស្បៃមុងនិងបង្គោលឡើងវិញ។ ដោយឡែកអ្នកនេសាទតូចតាចជាលក្ខណៈគ្រួសារគឺរត់មិនដែល រួចនោះទេ ព្រោះគ្មាននរណាប្រាប់ព័ត៌មានមុន។
ប្រជាពលរដ្ឋបានរិះគន់លើមន្ត្រីសង្កាត់ជលផលទាំង២នោះថា «ពួកគេមានឱកាសប្រមូលលុយបានច្រើនក្នុង រដូវបិទនេសាទនេះ» ព្រោះពួកគេជាអ្នកផ្តល់ភ្លើងខៀវដល់ឈ្មួញអ្នកនេសាទធំៗទាំងនោះ។ ប្រជាពលរដ្ឋបាន បន្តថា ការចុះទៅបង្ក្រាបម្តងៗគឺជាយុទ្ធសាស្ត្រ«គោះទឹកឲ្យត្រីរត់ចូលស៊ងប៉ុណ្ណោះ»។
ការរកត្រីក្នុងរដូវហាមឃាត់ គឺវាខុសធ្ងន់ធ្ងរណាស់ទៅហើយ រីឯអ្វីដែលកាន់តែខុសធ្ងន់ជាងនេះទៅទៀតគឺ ពួកឈ្មួញរកត្រីក្នុងដែនអភិរក្សឡូត៍លេខ១និងនិងឡូត៍លេខ២។ ការដែលឈ្មួញធ្វើបែបនេះបាន ព្រោះតែមន្ត្រី សង្កាត់ជលផលទាំង២នោះ បើកដៃប្រយោជន៍បិទភ្នែកទទួលលុយពុករលួយ ចង់នរណារកត្រីក្នុងដែនអភិរក្សឬ ក៏រកត្រី
ក្នុងរដូវត្រីពងកូនក៏មិនខ្វល់ដែរ ឲ្យតែពួកអញបានលុយដាក់ហោប៉ៅគឺចប់។ បើបណ្តែតបណ្តោយតែ របៀបនេះ ច្បាស់ជាអ្នកស្រុកឯកភ្នំគ្មានត្រីទទួលទានទេ នៅឆ្នាំខាងមុខ។
ប្រជាពលរដ្ឋសំណូមពរដល់បណ្ឌិត ណៅ ធួក ចុះទៅត្រួតពិនិត្យមើលការងារមន្ត្រីជលផលសង្កាត់ទាំង២នោះ ផង ជៀសវាង«ក្របីបាត់ទើបធ្វើរបងដល់ពេលប្រឡងទើបខំសិក្សា»។ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ នេះ កាសែតអរិយធម៌មិនអាចសុំការពន្យល់ពីមន្ត្រីសង្កាត់ជលផលទាំង២នោះបានទេ៕ ដោយ៖តាបណ្ឌិត
» ព័ត៌មានជាតិ » ឈ្មួញធំៗកំពុងនេសាទត្រីពេលរដូវហាមឃាត់ក្នុងភូមិចំនួន៣