ខេត្តកំពត៖ លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ត្រូវបានមន្ត្រីថ្នាក់ក្រោមទម្លាយឲ្យដឹងថា លោកប្រធានមន្ទីររូបនេះ តាំងពីបានឡើងធ្វើជាប្រធានមន្ទីរជំនួសសពលោក ប៉ាង ប៉ុណ្ណារដ្ឋ រយៈពេលប៉ុន្មានឆ្នាំនេះ គឺរូបគាត់ត្រូវប៉ាន់ខ្លាំងណាស់ ។
ប្រភពបានឲ្យដឹងថា ចាប់តាំងពីលោក យិន វុឌ្ឍ បានឡើងជាប្រធានមន្ទីរមករូបគាត់បានឃុបឃិតជាមន្ត្រីជំនិត២-៣នាក់ ធ្វើការកិបកេងថវិកាជាតិ ក្នុងមួយឆ្នាំៗ ខ្ទង់រាប់សិបលានរៀល សូម្បីតែប្រាក់រង្វាន់មន្ត្រីសុរិយោដីក៏ប្រធានមន្ទីរមួយនេះហ៊ាន កិបកេងដែរ ។ ក្រៅពីនោះគាត់មានជំនាញខាងការទាមទារប្រាក់ពីក្រុមអ្នកទិញលក់ ដីធ្លី និងអ្នកដែលធ្វើប្លង់ដីផងដែរ ។ កាលពីមុនរូបគាត់មិនទាន់ឡើងធ្វើជាប្រធានមន្ទីរជីវភាពរបស់គាត់មិនសូវ ជាហ៊ឺហាប៉ុន្មានទេ តែក្រោយពីបានឡើងធ្វើជាប្រធានមន្ទីរមកជីវភាពរបស់គាត់ហាក់បីជាឡើង ស្រឺតៗតែម្ដង។
ប្រភពបានឲ្យដឹងថា ក្នុងមួយឆ្នាំលោកប្រធានមន្ទីរ យិន វុឌ្ឍ ប្រមូលប្រាក់បានពីអ្នកទិញដីធ្លី និងធ្វើប្លង់រាប់ម៉ឺនដុល្លារ ទោះបីជាការទិញលក់ដីធ្លីភាគីអ្នកទិញលក់ជាអ្នកបង់ពន្ធជូនរដ្ឋ តាមរយៈរតនាគារក៏ដោយ ព្រោះថាមុនអ្នកទិញលក់អាចបំពេញនីតិវិធីច្បាប់បាន គឺត្រូវឆ្លងកាត់មន្ទីរជំនាញជៀសមិនរួច ដូច្នេះធ្វើឲ្យលោកប្រធានមន្ទីរ និងបក្ខពួកមានឱកាសក្នុងការទាមទារប្រាក់សេវាក្រៅផ្លូវការពីអ្នកទិញ -លក់ទាំងអស់។ ហើយកន្លងមកក៏ធ្លាប់មានអ្នករាយការណ៍អំពីករណីអំពើពុករលួយរបស់ប្រធាន មន្ទីរមួយនេះទៅថ្នាក់ដឹកនាំខេត្តដែរ ប៉ុន្តែថ្នាក់ដឹកនាំខេត្តហាក់បីដូចជាមិនចាប់អារម្មណ៍រឿងនេះទាល់តែសោះ ហើយបញ្ហានេះ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តក៏បានទទួលលាភសក្ការៈពីប្រធានមន្ទីរមួយនេះដែរ ។
ទាក់ទងព័ត៌មានខាងលើអរិយធម៌បានព្យាយាមរកបំភ្លឺពីលោកប្រធាន មន្ទីរ យិន វុឌ្ឍ ដែរ តែពុំអាចទំនាក់ទំនងបាន។ សារព័ត៌មានអរិយធម៌នឹងរង់ចាំទទួលការបំភ្លឺឆ្លើយតបពីលោកប្រធានមន្ទីរដោយក្ដីរីករាយ៕