បន្ទាយមានជ័យ៖ ម៉ូតូហុងដា150CC និងម៉ូតូហុងដា125CCសាកកំលាំងគ្នារបួសធ្ងន់២នាក់ កាលពីវេលាម៉ោង ៧ និង ១០នាទីយប់ថ្ងៃទី ០៣ កញ្ញា ២០១៣ នៅចំណុចរង្វង់មូលដៃ៣២ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូម៉ាកហុងដា 150CC ពណ៌ក្រហមមួយគ្រឿងបើកបរដោយឈ្មោះ សៀវ ចាន់រុង អាយុ២២ ឆ្នាំ រស់នៅក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងល្បឿនយ៉ាងលឿនពីលិចទៅកើតតាមបណ្តាយផ្លូវជាតិលេខ៥ លុះដល់ចំណុចកើតហេតុក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា 125CC ពណ៌ក្រហមស៊េរីឆ្នាំ២០០២ ក្នុងទិសដៅផ្ទុយគ្នាបើកបរដោយឈ្មោះ មុយ អាង ភេទប្រុស អាយុ ៥០ ឆ្នាំមុខរបរជាគ្រូគង្វាល នៅភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប៉ូលិសចរាចរណ៍ជើងគោករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្នុងហេតុគ្រោះថ្នាក់ចរាចរនេះធ្វើអោយអ្នកបើកបរម៉ូតូទាំង២រងរបួសធ្ងន់ត្រូវបាននាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដើម្បីរង់ចាំការដោះស្រាយ ។ ប៉ូលិសន្និដ្ឋានថា
ករណីនេះកើតឡើងដោយសារតែខាងម៉ូតូធុនធំបើកលឿនត្រង់ចំណុចរង្វង់មូលទើបបណ្តាលអោយទៅបុកម៉ូតូម្ខាងទៀតដែលបត់ត្រឹមត្រូវតាមរង្វង់មូល ៕
ដោយៈ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូរបួសធ្ងន់ទាំងសងខាង