ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខកាប់និងកាំបិត បណ្តាលឱ្យរយះស្បែកក្បាលរងរបួសធ្ងន់ ខណៈកំពុងដឹកអ្នកដំណើរតាមដងផ្លូវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី៦ កញ្ញា ២០១៥ ស្ថិតនៅមុខកាស៊ីណូហ្គ្រេនដាយមិនស៊ីធី ។
ជនរងគ្រោះឈ្មោះហាក់ សុធា អាយុ២៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
នៅមុនពេលកើតហេតុ ខ្លួនបានដឹកអ្នកដំណើរស្រី២នាក់ ឆ្ពោះទៅមាត់ច្រកទ្វារអន្តរជាតិ លុះ ដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ១គ្រឿង ស៊េរីឆ្នាំ២០១៤ បើកមកពីក្រោយជិះដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានទាញកាំបិតពីចង្កេះកាប់ខ្លួនរបួសតែម្តង ។
ក្រោយហេតុការណ៍កើតឡើង ជនសង្ស័យបានបន្ថែមល្បឿនឆ្ពោះទៅទិសខាងលិច រួចបត់ទៅចូលបរិវេណកាស៊ីណូបាត់ស្រមោលតែម្ដង៕