ភ្នំពេញ៖ លោក ឈា តាំងស៊ន អាយុ៦២ឆ្នាំ ដែលជាអនុប្រធានប្រតិបត្តិ គណបក្សសង្គ្រោះជាតិ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តតាកែវ បានឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានចម្លងឯកសារមួយ ស្តីពីយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការ លេបយកទឹកដីខ្មែរ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ។
សកម្មភាពរបស់មន្ត្រីដឹកនាំនៅមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិនេះ មានចេតនាញុះញង់ឱ្យមានការរើសអើង ជាតិសាសន៍ និងបង្កឱ្យមានអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា ។
បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ ក៏ជាអតីតគ្រូបង្រៀន នៅមូលដ្ឋានព្រៃកប្បាសនេះផងដែរ។ លោកបាននិយាយថា «ព្រះរាជ្ញាសម្រេចឲ្យធ្វើការឃាត់ខ្លួន នៅម៉ោង៦កន្លះ ល្ងាចម្សិលមិញ បន្ទាប់បានធ្វើការសាកសួរ និងចំលើយរបស់គាត់ ដែលបានថតចម្លងឯកសាពី Facebook ដែលមាន២០ចំណុច យកមកចម្លងដោយដៃ ហើយនៅក្នុង២០ចំណុចនោះ វាមានពាក់ព័ន្ធនិងការញុះញង់ និងធ្វើឲ្យមានអស្ថិរភាព ហើយបានសរសេរដោយដៃថា សុំជួយថតចំឡង ថែមទៀតផង»។
លោក ឈា តាំងស៊ន បានសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៨ សីហា គាត់បានមើលហ្វេសប៊ុក ហើយឃើញក្នុង Account របស់ចៅតាហ្វែង បានឃើញខ្លឹមសារនេះ ហើយនៅថ្ងៃទី២៩ ក៏បានយកមួយសន្លឹកទៅថតចំឡង ហើយដើរចែកចាយជូនសកម្មជនរបស់នៅពិធីសួរសុខទុក របស់លោកប៉ុលហំ ។ គាត់បានចែកចាយចំនួនជាង១០សន្លឹក។ ទោះជាយ៉ាងណា សមត្ថកិច្ចបានអះអាងថា នឹងចាត់ការតាមនីតិវិធីច្បាប់៕