ភ្នំពេញ៖ សំណុំរឿង ដ៏ចម្រូងចម្រាស់ ពាក់ព័ន្ធទៅនឹងការ បាត់ខ្លួនរបស់តារាសម្តែង ភិន សុដាលីស ដែលឪពុករបស់ នាងបានចោទប្រកាន់ ទៅលើតារាសម្តែង លោក ប៉ែន ចំរ៉ុង ថា បានជាប់ពាក់ព័ន្ធក្នុងរឿងនេះ គឺឈានទៅដល់ ដំណាក់កាល តុលាការកោះហៅ លោក ប៉ែន ចំរ៉ុង ទៅសាកសួរតាមបណ្តឹងរបស់ លោក អ៊ិន សុភិន ប៉ុន្តែអ្វីដែលខុសប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ គឺមន្ត្រីតុលាការបានហៅ ទូរស័ព្ទឲ្យ ប៉ែន ចំរ៉ុង ចូលបំភ្លឺតាមបណ្តឹងលោក អ៉ិន សុភិន។
លោក ប៉ែន រស់ បងប្រុសបង្កើតរបស់ ប៉ែន ចំរ៉ុង បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាទទួលបានដំណឹង ពីការកោះហៅ របស់មន្ត្រីតុលាការឲ្យ ប៉ែន ចំរ៉ុង ចូលបំភ្លឺ ជុំវិញបណ្តឹងរបស់ លោក អ៊ិន សុភិន ក្នុងរយៈពេលពីរថ្ងៃនេះពិតមែន។
លោក ប៉ែន រស់ បាននិយាយថា « ខ្ញុំបានទទួលទូរស័ព្ទ ពីខាងតុលាការ ឲ្យ ប៉ែន ចំរ៉ុង ប្អូនខ្ញុំ ចូលទៅ បំភ្លឺទាក់ទងនឹងបណ្តឹង របស់លោក អ៊ិន សុភិន រឿងបាត់កូនស្រីរបស់គាត់ តែខ្ញុំប្រាប់វិញថា ខ្ញុំពុំមានពេលគ្រប់គ្រាន់ ដើម្បីឲ្យប្អូនប្រុសទៅបំភ្លឺទេ ព្រោះការងារសិល្បៈ រវល់ច្រើន ជាប់ថតរាល់ថ្ងៃ។ មួយវិញទៀត ខ្ញុំក៏ឆ្ងល់ដែរថា បើកោះហៅប្អូនខ្ញុំតាមបណ្តឹងមែន គឺប្រាកដជាមានដីកាមកដល់ដៃខ្ញុំហើយ ប៉ុន្តែនេះគ្មានសោះ ហើយហាក់បីដូច ជាលឿនពេក។ ខ្ញុំចង់ឲ្យធ្វើអ្វី តាមច្បាប់ចុះ បើប្អូនខ្ញុំខុសមែន ប្អូនខ្ញុំមិនគេចវេសទេ តែខ្ញុំចង់សួរថា តើការធ្វើបែបនេះ ត្រឹមត្រូវទេ ចំពោះប្អូនប្រុសខ្ញុំ?»។
ទោះបីជាយ៉ាងណា លោក ប៉ែន រស់ បានស្នើឲ្យលោក អ៊ិន សុភិន មុននឹងធ្វើអ្វីមួយ មេត្តាគិតពិចារណា ឲ្យបានវែងឆ្ងាយ កុំធ្វើតាមកំហឹង ព្រោះកូនស្រីរបស់លោក ក៏បានចេញមុខអះអាងហើយថា ពុំមានការពាក់ព័ន្ធ ជាមួយនរណាទាំងអស់ ចំពោះរឿងនាង ចេញពីផ្ទះ រយៈពេលប៉ុន្មានថ្ងៃមកនេះ។
សូមជំរាបថា ជាការពិតរឿងរ៉ាវផ្ទុះឡើងដ៏រសើប ជុំវិញការទំនាក់ទំនង ដែលលោក អ៊ិន សុភិន ឪពុករបស់ ភិន សុដាលីស បានចោទប្រកាន់ថា ជាទំនាក់ទំនង ក្នុងផ្លូវមិនល្អ រវាង ដាលីស និង លោក ប៉ែន ចំរ៉ុង បានក្លាយទៅជា សំណុំរឿងមួយ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ហើយគេក៏កំពុងតែ រង់ចាំមើលថា តើដំណោះស្រាយ ក្នុងរឿងដ៏ប្រទាញ ប្រទង់គ្នានេះ នឹងរកច្រកចេញដោយរបៀបណា ខណៈដែលថ្មីៗកន្លងមក កញ្ញា ភិន សុដាលីស បានចេញមុខបកស្រាយ តាមរយៈវីដេអូឃ្លីប ប្រមាណជាង១០នាទី ដើម្បីទទូចឲ្យឪពុករបស់ខ្លួន ឈប់ប្រព្រឹត្តទង្វើ ប៉ះពាល់ដល់អ្នកដទៃ ព្រោះអ្វី ដែលនាងសម្រេចចិត្តចាកចេញពីផ្ទះ គឺពុំមានពាក់ព័ន្ធជាមួយនឹងអ្នកណាម្នាក់ នោះឡើយ៕
» ព័ត៌មានជាតិ » តុលាការទូរស័ព្ទហៅ ប៉ែន ចំរ៉ុង ឲ្យចូលបំភ្លឺ តាមបណ្តឹង លោក អ៊ិន សុភិន