ខេត្តព្រៃវែង៖ មនុស្សប្រុស ស្រី២នាក់ បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍លិចទូកកាលពីវេលាម៉ោងប្រមាណ៧ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិជ័យក្រហឹម ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
នៅមុនពេលកើតហេតុ ជនប្រុសស្រីមានគ្នាទាំងអស់៦នាក់ បានធ្វើដំណើរដោយទូកជិះឆ្លងបឹងឆ្ពោះទៅកាន់វត្តពុទ្ធមណ្ឌលស្ថិតនៅក្នុងភូមិជ័យក្រហឹម ឃុំកំពង់ឫស្សី ប៉ុន្តែដោយសារតែអាកាសធាតុមិនអំណោចផល មេឃបង្អោភ្លៀង និងមានខ្យល់ខ្លាំងផងនោះបានបក់ផ្ទប់ទូក បណ្តាលឲ្យក្រឡាប់ ហើយលិចតែម្តង ។ ជនរងគ្រោះ៤នាក់បានហែលទឹកទៅកាន់ច្រាំងរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។ ដោយឡែកជនរងគ្រោះ ប្រុស ស្រី២នាក់បានលង់ស្លាប់តែម្តង ។
ក្រោយព័ត៌មានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ហើយសាកសពត្រូវបានប្រទះឃើញ រួចស្រង់មកដាក់នៅលើគោក ។ ប៉ុន្តែនៅមិនទាន់ដឹងអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយគ្រាន់តែដឹងថា ស្ត្រីរងគ្រោះមានអាយុប្រមាណ២០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង និងពាក់អាវយឺតក្រហមដៃវែង ។ រីឯជនរងគ្រោះម្នាក់ទៀតសម្បុរស ស្លៀកខោខ្លី ពាក់អាវយឺតដៃខ្លី មានអាយុមិនលើសពី៣០ឆ្នាំ ៕