រតនគិរី៖អ្នកព័ត៌មានក្នុងខេត្តរតនគិរី ៣២អង្គភាព នៅថ្ងៃនេះបានប្រមូលផ្តុំគ្នាផ្តិតមេដៃប្តឹង លោក ថង សាវុន អភិបាលខេត្តរតនគិរី ទៅក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួន ទទួលបានសារអេឡិចត្រូនិក តាមប្រព័ន្ធ Line បន្ទាប់ពីពួកគេទទួលបានសារអប់រំមួយចំនួនពីលោកអភិបាលខេត្ត កុំឲ្យយក អាជីពជាអ្នកព័ត៌មានទៅប្រព្រឹត្តបទល្មើស ឬជំរិតទារលុយពីក្រុមរកស៊ីបទល្មើស។
ក្រុមអ្នកព័ត៌មានបានប្តឹង លោក ថង សាវុន អភិបាលខេត្តរតនគិរី ពីបទគំរាមកំហែងអាយុជីវិត ក្រុមគ្រួសារអ្នកកាសែត និងសិទ្ធិសេរីភាពអ្នកសារពត៌មាន។
បណ្តឹងចោទប្រកាន់លោកអភិបាលខេត្តរតនគិរី បានកើតមានឡើង បន្ទាប់អ្នកយកព័ត៌មានឲ្យស្ថានីយទូរទស្សន៍បាយ័ន ប្រចាំខេត្តរតនគិរី លោក សុខ គឹមសន កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ត្រូវបានអភិបាលខេត្តរតនគិរី លោក ថង សាវុន ផ្ញើសារតាមប្រព័ន្ធ Line ទៅអប់រំលើករូបលោកពាក់ព័ន្ធវិជ្ជាជីវៈអ្នកសារព័ត៌មាន។
ក្នុងសារនោះ លោក ថង សាវុន បានសរសេរពីសកម្មភាពរបស់អ្នកកាសែត ដែលធ្វើហួសដែនសមត្ថកិច្ចរបស់ខ្លួន ដូចជាប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដេញប្រមាញ់ម៉ូតូ និងរថយន្តដឹកឈើ ហើយមួយចំនួនទៀត អង្គុយនៅតាមហាងកាហ្វេ ដើម្បីប្រមាញ់អ្នកប្រព្រឹត្តល្មើស ដែលអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនជាដើម។
នៅក្នុងសារនោះ លោក ថង សាវុន បានបន្តថា បើតាំងចិត្តជាអ្នកសារព័ត៌មាន ត្រូវធ្វើឲ្យគ្រប់ជ្រុងជ្រោយ ឈរលើការទទួលខុសត្រូវក្នុងការបញ្ចេញព័ត៌មាន ដែលការផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងវាសនាអ្នកដទៃ ដែលទាំងនោះធ្វើឲ្យសារព័ត៌មានឃ្លាតឆ្ងាយពីសង្គម ហើយអ្នក ដែលទទួលរងផលប៉ះពាល់ គឺប្រពន្ធ និងកូនៗរបស់ខ្លួន។ លោកមិនអនុញ្ញាត ឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើអំពើខុសច្បាប់សម្រាប់ក្រពះ យកស្លាកអ្នកការសែត ធ្វើអីចឹងតទៅទៀត។
ក្រោយពីបានទទួលសាររបស់ លោក ថង សាវុន អភិបាលខេត្តរតនគិរី ដូចបានរៀបរាប់ខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ក្រុមអ្នកកាសែត និងទូរទស្សន៍មួយចំនួន បានផ្តិតមេដៃប្តឹងលោកអភិបាលខេត្ត ទៅប្រធាន ក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដើម្បីឲ្យជួយអន្តរាគមន៍ក្នុងករណីនេះ។
ទោះជាមានការអង្គុយ តាមហាងកាហ្វេ ក៏មិនមែនជាការដាក់កុងត្រូលជជុះ ឬមានអ្នករកស៊ីបទល្មើសណាមួយ បង់លុយឲ្យដែរ គ្រាន់តែអ្នកសែតមួយចំនួន អង្គុយចំច្រកដែលក្រុមឈ្មួញ តែងតែធ្វើសកម្មភាពដឹកឈើតាមម៉ូតូ និងរថយន្តមកពីស្រុកអូរជុំ ស្រុកវ៉ើនសៃ និងស្រុកតាវែង ដែលនាំឲ្យមានការរាំងស្ទះ ដល់សកម្មភាពរបស់ក្រុមឈ្មួញ ហើយនាំឲ្យលោកអភិបាលខេត្ត មានការយល់ច្រឡំនិងមានការមិនពេញចិត្ត៕
» ព័ត៌មានជាតិ » ក្រុមអ្នកកាសែត នៅខេត្តរតនគិរី រួមគ្នាប្តឹង អភិបាលខេត្ត ក្រោយទទួលសារអប់រំ