បាត់ដំបង៖ កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនី នៅស្ថានីយទូរទស្សន៍ CTN កំពុងតែប្រឈមមុខនឹងការបញ្ជាឲ្យនាំខ្លួន ពីសំណាក់តុលាការ ប្រសិនបើព្រះរាជអាជ្ញា ចេញដីកាកោះហៅជាលើកទី២ នាពេលខាងមុខនេះ នាងនៅតែគេចវេស មិនព្រមចូលខ្លួនទៅឆ្លើយបំភ្លឺ តាមការកោះហៅទេនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបង បានចេញដីកាកោះហៅ កញ្ញា សាសា ឲ្យចូលបំភ្លឺ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅទីរួមខេត្តបាត់ដំបង ប៉ុន្តែនាងមិនបានចូល បំភ្លឺតាមការកោះហៅឡើយ សូម្បីតែមូលហេតុនៃការអវត្តមាននេះ ក៏នាងមិនបានជូនដំណឹងទៅតុលាការដែរ។
មន្ត្រីតុលាការបានអះអាងថា ក្រោយពីកោះហៅលើកទី១ នាងមិនចូលខ្លួន និងមិនបានជូនដំណឹងតបមកវិញនោះ តុលាការនឹងធ្វើការកោះហៅ ឲ្យចូលខ្លួន ជាលើកទី២ ទៀត នាពេលខាងមុខ តែមិនបានបញ្ជាក់ថា ត្រូវកោះហៅឲ្យចូលខ្លួន នៅថ្ងៃណានោះឡើយ។ អ្នកច្បាប់មួយរូបបានលើកឡើងថា បើព្រះរាជអាជ្ញាកោះហៅ លើកទី២ កញ្ញា សាសា នៅតែមិនព្រមចូលខ្លួន និងមិនព្រមប្រាប់ ពីមូលហេតុទៀតនោះ ព្រះរាជអាជ្ញា អាចនឹងសម្រេចធ្វើការ ចោទប្រកាន់ រួចហើយបញ្ជូន សំណុំរឿង ទៅចៅក្រមស៊ើបសួរ ហើយចៅក្រម អាចចេញដីកាបង្គាប់ ឲ្យនាំខ្លួនតែម្ដង។
គួរបញ្ជាក់ថា តុលាការខេត្តបាត់ដំបង បានកោះហៅកញ្ញា សាសា ឲ្យចូលបំភ្លឺនៅ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹករណីបង្ក គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ដោយ កញ្ញា សាសា និងមិត្តភក្តិ២នាក់ទៀត បានផឹកស៊ីក្នុងហាង «តោពីរ» ក្នុងក្រុងបាត់ដំបង រួចបើករថយន្តម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ក្នុងស្ថានភាពស្រវឹង ទៅបុកអ្នកជិះម៉ូតូសណ្ដោង រ៉ឺម៉កដឹកទឹកកក បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស។
ក្រោយបង្កគ្រោះថ្នាក់ គេឃើញមិត្តភក្តិ ចេញមុខដោះស្រាយបញ្ចប់រឿង ហើយ សាសា ត្រូវបានមិត្តភក្តិជំលៀស តាមរថយន្តមួយគ្រឿងទៀតទៅបាត់ ។ លុះស្អែកឡើង សារព័ត៌មាន បាននាំគ្នាសរសេរ ដោយយោងប្រភពពីសាក្សីថា រថយន្តបង្កគ្រោះថ្នាក់ គឺគេស្គាល់ថា ជិះដោយកញ្ញា សាសា ជាមួយមិត្តភក្តិម្នាក់ទៀត ។ ប៉ុន្តែកញ្ញា សាសា បានចេញមុខ ធ្វើការបដិសេធថា ខ្លួនមិនបាននៅក្នុង ហេតុការណ៍នោះទេ គឺយប់កើតហេតុ ខ្លួនកំពុងតែនៅ ក្នុងប្រទេសថៃ ហើយអះអាងថា រថយន្តបង្កគ្រោះថ្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 គឺជារថយន្តរបស់មិត្តភក្តិនាង នៅខេត្តបាត់ដំបង។
ក្រៅពីអះអាងខាងលើនេះ សាសា នៅបានប្រើសម្ដីវាយប្រហារទៅលើអ្នកសារព័ត៌មានថា ផ្សាយព័ត៌មានបំភ្លើស បង្ខូចកិត្តិយសរបស់នាង ហើយថែមទាំង គំរាមប្ដឹងថែមទៀត ទើបសមត្ថកិច្ចចាប់ផ្ដើម បើកការស៊ើបអង្កេត រកការពិតឡើងវិញ ដោយចុងក្រោយ មានភស្ដុតាង ជាច្រើនដូចជា កាមេរ៉ាសុវត្ថិភាព នៅហាងតោពីរ បញ្ជាក់ថា នៅយប់កើតហេតុ កញ្ញា សាសា កំពុងអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅទីនោះជាដើម រួមទាំងសាក្សីមួយចំនួនទៀតផង ទើបសមត្ថកិច្ច សម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្ដង។
បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរួចមក កាលពីព្រឹកថ្ងៃទី១៤ ខែសីហា កន្លងទៅ ព្រះរាជអាជ្ញារងខេត្តបាត់ដំបង បានកោះហៅ មិត្តភក្តិ ២នាក់ របស់ កញ្ញា សាសា ចំនួន២នាក់ សាកសួរព័ត៌មាន អំពីបញ្ហាគ្រោះថ្នាក់ខាងលើនេះ ។ ប៉ុន្តែពួកគេបានឆ្លើយយករួចខ្លួនពោលគឺត្រូវបានគេ ចាត់ទុកថា «សក់អ្នកណាក្បាលអ្នកហ្នឹង» ទើបតុលាការ សម្រេចចេញដីកាកោះហៅ សាសា ឲ្យចូលខ្លួនឆ្លើយបំភ្លឺជាបន្តបន្ទាប់តែម្ដង៕
» ព័ត៌មានជាតិ » តុលាការសម្រេចចេញដីកាកោះហៅ សាសា ឲ្យចូលខ្លួនឆ្លើយបំភ្លឺជាបន្តបន្ទាប់