សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី គឺជាប្រធានបទក្ដៅបំផុតគ្របដណ្ដប់កិច្ចប្រជុំប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៨នៅលើពិភពលោក ដែលរៀបចំឡើងនាថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មិថុនា នៅអៀកឡង់ភាគខាងជើង។
នៅពេលនេះ អាមេរិកបានលើកឡើងពីគម្រោងបញ្ជូនកម្លាំងទាហាន សព្វាវុធទៅជួយដល់ក្រុមបះបោរ ប៉ុន្ដែត្រូវបានប្រធានាធិបតីរុស្ស៊ីបដិសេធ។
លោកពូទីន ធ្លាប់បានប្រកាសថា ការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិកទៅឱ្យក្រុមបះបោរជាការផ្ដល់ជូនក្រុម «ស៊ីសាច់មនុស្ស» ហើយរុស្ស៊ីមិនឯកភាពទេ។
នៅក្នុងជំនួបទ្វេភាគីបន្ទាប់ពីកិច្ចប្រជុំ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានខិតខំបញ្ចុះបញ្ចូលប្រធានាធិបតី ពូទីន ឲ្យបោះបង់ការគាំទ្រដល់ប្រធានាធិបតីស៊ីរី គឺលោក អាល់អាសាដ។ ក្នុងពេលជាមួយគ្នានោះ លោកពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងផ្ដល់ឱកាសបង្កើតឲ្យមានលក្ខខណ្ឌថ្មីក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្ដិនៅស៊ីរីដោយសន្ដិភាព។
កិច្ចប្រជុំប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៨ (G8) បានធ្វើឡើងក្រោយពេលដែលអាមេរិកសន្យាដើរតួនាទីសំខាន់ជាងនេះក្នុងការផ្ដល់ជំនួយដល់ក្រុមបះបោរស៊ីរី ក្រោយពេលអាមេរិកទទួលភស្ដុតាងជាច្រើនជុំវិញការប្រើប្រាស់អាវុធជីវសាស្ដ្ររបស់ទាហានលោកអាល់អាសាដ។
នេះជាលើកទី២ហើយដែលលោក ពូទីន និងលោកអូបាម៉ា បានពិភាក្សាស្ដី អំពីវិបត្ដិនៅក្នុងប្រទេស៊ីរី ប៉ុន្ដែមិនទទួលបានជោគជ័យឡើយ។
កាលពីកិច្ចប្រជុំ G20 នៅប្រទេសកាណាដា នាឆ្នាំ២០១២ អាមេរិក និងរុស្ស៊ីក៏ធ្លាប់បានជួបពិភាក្សាស្ដីពីវិបត្ដិនៅប្រទេសស៊ីរីផងដែរ។ ក្នុងនោះប្រទេសជាច្រើននៅក្នុង G8 ដែលមាន៨ប្រទេសបានឯកភាពនឹងគោលជំហររបស់អាមេរិក ដោយស្នើឲ្យរុស្ស៊ីបញ្ឈប់ការគាំទ្រ ប៉ុន្ដែ លោកពូទីន នៅតែប្ដេជ្ញាចិត្ដមិនបោះបង់ស៊ីរីនោះឡើយ៕