ភ្នំពេញ: លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាម ១៥ នាក់ទៀត ត្រូវបណ្តេញចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នេះ។
ជនជាតិវៀតណាម ទាំង ១៥នាក់នេះ បានលួចឆ្លងដែន មកស្នាក់នៅ និងធ្វើកាដោយខុសច្បាប់ នៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និង ខេត្តកណ្តាល។
គិតតាំងពីខែកក្កដា ឆ្នាំ២០១៤ រហូតដល់ខែ សីហា ឆ្នាំ២០១៥ ជនអន្តោប្រវេសន៍ខុសច្បាប់ ២.៩៨៣នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។ ជនបរទេសខុសច្បាប់ទាំងនោះ មាន ៤៤ សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម ២.៥៧៣ នាក់ ដែលពួកគេភាគច្រើន ត្រូវបានរកឃើញ នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
លោកបានបន្ថែមថា សមត្ថកិច្ច នឹងបង្កើនយុទ្ធនាការបន្ថែមទៀត នៅតាមបណ្តាខេត្ត ដើម្បីទប់ស្កាត់ និងចាប់បញ្ជូន ជនអន្តោប្រវេសន៍ ខុសច្បាប់ទាំងនោះ បណ្តេញចេញពីកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា រយៈពេល ៧ខែ ឆ្នាំ២០១៥ ប៉ូលិសបានរកឃើញ និងបណ្តេញជនអន្តោប្រវេសន៍ ដែលចូលមករស់នៅ និងរកស៊ី ដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ចំនួន ១.៤៨៤ នាក់ ភាគច្រើន ជាជនជាតិវៀតណាម។ ចំនួននេះ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤ មានការកើនឡើងចំនួន ១៧៧ នាក់។ ជនបរទេសទាំង ១៤៨៤ នាក់នោះ មាន ៤២ សញ្ជាតិ ស្រី ១៧០ នាក់ ក្នុងចំណោមនោះ ភាគច្រើនជាជនជាតិវៀតណាម មានចំនួន ១៣៣៨ នាក់។
ចំណែកកាលពី ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ប៉ូលិសបានរកឃើញជនបរទេស ចំនួន ២.៧៩១ នាក់ រស់នៅខុសច្បាប់នៅកម្ពុជា ហើយត្រូវបានបណ្ដេញចេញពីកម្ពុជា ទៅកាន់ស្រុកកំណើតវិញ៕