បន្ទាយមានជ័យ៖សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតកំពុងតែសប្បាយនឹងការប្រមូលលុយពីភាពអនាធិបតេយ្យឥតសណ្ដាប់ធ្នាប់របស់ក្រុមអ្នករត់តាក់ស៊ី ដែលចាប់គាបសង្កត់ពលករចំណាក់ស្រុកដែលថៃចាប់បញ្ជូនមកវិញនៅរង្វង់មូលប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយពុំខ្វល់ពីការរិះគន់របស់ភ្ញៀវអន្តរជាតិដែលចូលមក
ទស្សនានៅប្រទេសកម្ពុជាឡើយ។
តាមប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតបានអោយដឹងថា ភាពអនាធិបតេយ្យឥតសណ្ដាប់ធ្នាប់កើតឡើងជារៀងរាល់ថ្ងៃតាំងពីព្រលឹមទល់ព្រលប់ដោយសារតែការឈប់ចតរថយន្តរបស់ក្រុមអ្នករត់តាក់ស៊ីលើសងខាងផ្លូវនិងការដណ្ដើមចាប់ម៉ូយពីសំណាក់អ្នកចាប់ម៉ូយដាក់រថយន្តនិងអ្នកដូរលុយទៅលើពលករខ្មែរចំណាកស្រុកដែល
ថៃចាប់បញ្ជូនមកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងប្រសេចប្រសាចដោយមានការប្រទាញប្រទុងអីវ៉ាន់យកទៅដាក់រថយន្តរៀង ៗ ខ្លួនលើផ្លូវធ្វើអោយមានការកកស្ទះចរាចរណ៍ និងរំខានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។
តៃកុងឡានដែលមិនពេញចិត្តនឹងការយកលុយរបស់សមត្ថកិច្ចបាននិយាយថា ពួកគេត្រូវបង់លុយជូនសមត្ថកិច្ចតាមប្រភេទរថយន្តដែលពួកគេប្រើប្រាស់គឺសម្រាប់រថយន្តកាមរីដែលដឹកអ្នកដំណើរធម្មតាក្នុងមួយគ្រឿងត្រូវបង់លុយអោយប៉ូលិស5000រៀល តែចំពោះរថយន្តដែលដឹកពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញពីប៉ោយប៉ែត
មកកាន់ទីរួមខេត្តបន្ទាយមានជ័យគឺត្រូវបង់លុយជូនលោកប៉ូលិសក្រុងប៉ោយប៉ែតក្នុងមួយឡាន 10000រៀល។
ក្រៅពីបង់អោយប៉ូលិសត្រូវបង់អោយខាងចំណតឡាន5000រៀលទៀត និយាយរួមពួកគេត្រូវចំណាយលុយ 25000រៀលក្នុងមួយជើង។ចំពោះរថយន្តប្រភេទតួរីសត្រូវបង់លុយអោយប៉ូលិសថ្លៃជាងរថយន្តតូច។
មហាជននៅប៉ោយប៉ែត បាននិយាយថា វាពិតជាធ្វើអោយប្រទេសកម្ពុជាយើងអាម៉ាស់មុខណាស់ដែលទាំងសមត្ថកិច្ច និងក្រុមអ្នករត់តាក់ស៊ីប្រព្រឹត្តនូវទង្វើអនាធិបតេយ្យបែបនេះ ។ សមត្ថកិច្ចគួរតែធ្វើការរៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ មិនគួរបណ្តោយអោយមានភាពអនាធិបតេយ្យឈប់រថយន្តពេញផ្លូវនិង
ការចាប់ប្រទាញប្រទង់អីវ៉ានពីពលករចំណាកស្រុកដែលថៃចាប់បញ្ជូនមកវិញដូច្នេះទេ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់អរិយធម៌ថា ចំពោះបញ្ហាខាងលើនេះទាំងរូបលោកនិងលោកអភិបាលខេត្តព្រមទាំងគណៈកម្មការចំរុះនឹងចុះរៀបចំមិនអោយមានបន្តទៀតទេ។
គួររំលឹកផងដែរថា អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតរកប្រាក់ចំណូល ពីរថយន្តទាំងនោះបានយ៉ាងច្រើនដោយមិនខ្វល់ពីភាពអនាធិបតេយ្យឥតសណ្តាប់ធ្នាប់ទ្បើយ៕ ដោយៈ សម្បត្តិសីហា
» ព័ត៌មានជាតិ » ប៉ូលិសក្រុងប៉ោយប៉ែតប្រមូលលុយពីភាពអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់នៅរង្វង់មូលប៉ោយប៉ែត