ឧត្តរមានជ័យ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បានហោះធ្លាក់ស្ពាន បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរពីរនាក់ទៀត រងរបួសធ្ងន់ស្រាល កាលពីម៉ោង ២យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៦៧ ក្នុងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង។ គ្រោះថ្នាក់ចរាចរនេះ ត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបរងងុយដេក។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឮសូរសំលេងរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះដល់កន្លែងកើតហេតុ ក៏ឮសូរសំលេងក្តាំងដូចធ្លាក់របស់អ្វីម្យាងពីលើស្ពាន ដោយការមិនអស់ចិត្ត ក៏ក្រោកទៅមើលស្រាប់តែឃើញរថយន្តធ្លាក់ស្ពាន ក៏ស្រែកហៅគ្នីគ្នា និង អ្នកធ្វើដំណើរតាមផ្លូវទៅជួយ និងដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទរីពេទ្យបង្អែកស្រុកអន្លង់វែង។
នគរបាលស្រុកអន្លង់វែង បាននិយាយថា ហេតុការគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពី អ្នកបើកបរងងុយដេក ហើយកន្លែងកើតហេតុត្រង់ស្ពាន គឺជាចំណុចផ្លូវកោងខ្លាំង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះតែម្តង។ នគរ បាលស្រុកបានបន្តទៀតថា អ្នកជិះនៅក្នុងរថយន្តមានគ្នា ៣នាក់ រងរបួសធ្ងន់១នាក់ ស្រាល២នាក់។
ជនរងគ្រោះទី១. ឈ្មោះ អ៊ូរ ទិត្យ ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសស្រាល, ទី២. ឈ្មោះ អ៊ូរ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល និងទី៣. ឈ្មោះ លីស ស្រីណាក់ ភេទស្រី (មានផ្ទៃពោះ) អាយុ ៣៤ឆ្នាំ រងរបួសធ្ងន់។ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុជាំក្សាន្ត ខេត្តព្រះវិហារ៕
» ព័ត៌មានជាតិ » ងងុយដេក បើករថយន្តហោះធ្លាក់ស្ពាន រងរបួសធ្ងន់ស្រាល ៣នាក់