ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។
លួចគេបានវាគ្រាន់ ម្ចាស់គេទាន់វាក្រែល បុរសម្នាក់ជាជនសង្ស័យ ធ្វើសកម្មភាពចូលលួច ម៉ូតូ ខណៈដែលម្ចាស់ម៉ូតូកំពុងដេកលង់លក់នៅលើអង្រឹងនៃច្រកចូលក្នុងផ្ទះ ។ សកម្មភាពចោរ លួចម៉ូតូត្រូវបានម្ចាស់ម៉ូតូដឹងខ្លួនទាន់ ក៏ស្រែកឆោរឡោឡើងបង្កការភ្ញាក់ផ្អើលក៏ត្រូវប្រជាពលរដ្ឋ ជិតខាងព័ទ្ធចាប់ខ្លួនបាននិងស្វាគមន៍យ៉ាងចាស់ដៃ ស្ទើរតែសូន្យជីវិត។
ជនសង្ស័យមានឈ្មោះ ស៊ុំ ស៊ីម៉េង ហៅអាង៉ោល ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ យ៉យ ថាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ ម៉ូតូដែលជនសង្ស័យលួចទៅនោះមានម៉ាកScoopy ពណ៌ក្រហម ស៊េរី២០០៣ ពាក់ស្លាកលេខភ្នំពេញ1BQ-5182។
មុនពេលកើតហេតុជនរងគ្រោះម្ចាស់ម៉ូតូគាត់បានចាក់សោរម៉ូតូទុក នៅមុខផ្ទះរួចក៏ដើរទៅដេកលើអង្រឹងក្នុងផ្ទះ ហើយក៏បានទុកសោរម៉ូតូក្បែរកន្លែងខ្លួនដេក។ ដេកលង់លក់បានបន្តិចជនសង្ស័យក៏បានចូលទៅយកសោរម៉ូតូដែលជនរងគ្រោះម្ចាស់ម៉ូតូគាត់ ទុកលើតុក្បែរកន្លែងគាត់ដេកហើយចាក់សោរម៉ូតូជិះចេញទៅក្រៅដោយគេដោលជើងកុំឲ្យម្ចាស់ម៉ូតូឮ អត់ហ៊ានបញ្ឆេះម៉ាស៊ីនទេ។ ចេញបានប្រហែល២០ម៉ែត្រម្ចាស់ឃើញទាន់ក៏ស្រែកឆោរ ឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចាប់បានជនសង្ស័យខាងលើស្វាគមន៍ស្ទើរសូន្យជីវិតក៏ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕