ព្រះសីហនុ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខណៈដែលផឹកស៊ីទំនាស់ពាក្យសម្តីក្នុងវង់អង្គុយផឹក ធ្វើសកម្មភាពកាប់ទៅលើមនុស្សពីរនាក់បណ្តាលឲ្យរងរបួស ធ្ងន់និងស្រាល កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចក្រុមទី ៨ ភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យ មានឈ្មោះ សំ ឆុច ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ បានយកកាំបិតកាចែត កាប់ទៅលើជនរងគ្រោះ ឈ្មោះពៅ វណ្ណា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ត្រូវចំនួន ៣ កាំបិត ត្រង់ក្បាល បណ្តាលរងរបួសធ្ងន់ និងកាប់ទៅលើឈ្មោះចក់ ភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកូន ស្ត្រីរងគ្រោះខាងលើបណ្តាលឲ្យរងរបួសស្រាល ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យឈ្មោះ សំ ឆុច បានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតកាចែត ទៅកាប់លើស្ត្រីរងគ្រោះពិតប្រាកដមែន ព្រោះដោយ សារតែខ្លួនមាន កំហឹងជាមួយស្ត្រីរងគ្រោះជាយូរមកហើយអំពីរឿងដើរកាត់មុខផ្ទះ។ ក្រោយពីមានទំនាស់ និងគ្នារួចមក ជនរងគ្រោះ តែងតែជេរ ដៀមដាម ឌឺដង ដាក់ខ្លួនជាច្រើនលើកច្រើនសារ ហើយនៅថ្ងៃកើតហេតុនេះ គឺ ខ្លួនខឹងនឹងជនរងគ្រោះ ដែលខាកស្តោះ ឌឺ ដាក់ខ្លួន ទើបខ្លួនស្ទុះ ចូលទៅក្នុងចង្ក្រានបាយ របស់ឈ្មោះ ប្រាជ្ញ ណែត យកកាំបិតកាចែត មកកាប់លើ ស្ត្រីរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូង ខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ៕