កំពង់ឆ្នាំង៖ ជនដៃដល់ជាឃាតករ និងជនផ្សំគំនិតជាឪពុក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រោយពេលកើតហេតុបាន៣ថ្ងៃ បន្ទាប់ពីពួកគេ បានប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ មួយគ្រឿង របស់មន្ត្រីធម្មការខេត្ត កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅតាមផ្លូវព្រៃស្ងាត់ ស្ថិតក្នុង ភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌។
ជនដៃដល់ជាកូនមានឈ្មោះ អេង សុខា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកវាយសម្លាប់ជនរងគ្រោះដោយប្រើអង្រែបុកគ្រឿង, និងជនដៃដល់ ជាឪពុក មានឈ្មោះ ជឹម សុផាត អាយុ៤៣ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យព្រះសង្ឃនៅវត្តជាងហ្លួង។ ពួកគេរស់នៅក្នុងភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តជាងហ្លួង ឃុំពពេល តែម្ដង។ ជនរងគ្រោះមានឈ្មោះ យ៉ាត សុជាតិ អាយុ២៧ឆ្នាំ ជាមន្ត្រីមន្ទីរធម្មការខេត្ត និងជាគ្រូបង្រៀន ពុទ្ធិកៈបឋមសិក្សាវត្តខ្សាម ស្នាក់នៅ ភូមិត្រោកខាងលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ។
មុនពេលកើតហេតុ ឈ្មោះ អេង សុខា បានលួចលុយជីដូន៤លានរៀល មកដេកស៊ីចាយនៅក្រុងកំពង់ឆ្នាំង បាត់ពីផ្ទះរយៈពេល១ខែ ដោយភូតភរឪពុក និងជីដូនថា លុយនោះបានយកមកឱ្យមិត្តភក្ដិខ្ទីនៅក្រុងកំពង់ឆ្នាំង។
នៅម៉ោង៨យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ឈ្មោះ សុខា បានឱ្យឪពុកឈ្មោះ ជឹម សុផាត ដឹកខ្លួនតាមម៉ូតូមកក្រុងកំពង់ឆ្នាំង ដោយភរថា មកទារលុយដែលគេជំពាក់២លានរៀល។ ពេលមកដល់សួនច្បារមុខសាលាខេត្តកំពង់ឆ្នាំង ឈ្មោះ អេង សុខា បានទូរស័ព្ទហៅឈ្មោះ យ៉ាត សុជាតិ ជាមិត្តភក្ដិ ឱ្យមកជួបខ្លួន និងបានខ្ចីលុយ១ម៉ឺនរៀល ឱ្យឪពុករបស់ខ្លួន ចាក់សាំងត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកពួកគេទាំង២នាក់ បានទៅច្រៀងលេងនៅហាងការ៉ាអូខេ និងពេលចេញមកវិញបានទៅផឹកស្រាបៀរអស់២ថូទៀត រួចក៏បន្តដំណើរទៅផឹកនៅផ្សារព្រៃខ្មែរទៀត ប៉ុន្តែគេបិទតូបអស់ ក៏ត្រឡប់ទៅដេកនៅផ្ទះសំណាក់មួយ នៅភូមិទួលក្រឡាញ់។
នៅវេលាម៉ោង១រំលងអធ្រាតទៅហើយ ឆ្លងចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ពួកគេទាំង២នាក់ បានជិះម៉ូតូទៅហៅស្រីស្នេហ៍នៅផ្លូវចូលព្រលានយន្តហោះ ឃុំពង្រ ក្នុងបំណងយកមកដេកនៅផ្ទះសំណាក់ខាងលើ ប៉ុន្តែស្រីស្នេហ៍រូបនោះ មិនលើកទូរស័ព្ទ។ បន្ទាប់មក ជនល្មើសបានឱ្យជនរងគ្រោះ ឌុបម៉ូតូទៅផ្ទះខ្លួននៅភូមិក្រោលជី វិញ ដោយសន្យាឱ្យថ្លៃ២ម៉ឺនរៀល។
ពេលទៅដល់ចំណុចកើតហេតុ (មានព្រៃស្ងាត់) ជនល្មើសបានចូលក្នុងខ្ទមស្រែមួយដែលគ្មានមនុស្សនៅ ហើយបានយកអង្រែបុកគ្រឿងមួយ មកលបវាយជនរងគ្រោះចំកញ្ចឹង.ក ពីក្រោយ និងវាយចំបំពង់.កពីមុខ ចំនួន៤អង្រែថែមទៀត បណ្ដាលឱ្យស្លាប់ និងបានអូសសពជនរងគ្រោះទៅដាក់នៅក្នុងព្រៃក្បែរនោះ រួចបើកកែបម៉ូតូយកលុយ និងលុយក្នុងហោប៉ៅ បាន២៤.០០០រៀល និងបានជិះម៉ូតូយកទៅទុកនៅផ្ទះរបស់ខ្លួន, ក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត៕