ខេត្តស្វាយរៀង៖ រឿងអាស្រូវពុករលួយថ្មីមួយទើបនឹងបានធ្លាយចេញពីមន្ទីរទេសចរខេត្តស្វាយរៀង ដែលមានលោក វ៉ាន់ សារ៉ាត ជាប្រធានមន្ទីរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅមន្ទីរមួយនេះ គឺមន្ត្រីមួយចំនួនធំបានបញ្ចេញទស្សនៈមិនសូវសប្បាយចិត្តចំពោះការដឹកនាំរបស់លោកប្រធានមន្ទីរ ដែលពូកែស៊ីមិនសូវចេះចែកគ្នារស់។
តាមប្រភពបានឲ្យដឹងថា ចាប់តាំងពីលោក វ៉ាន់ សារ៉ាត ត្រូវបានតែងតាំងជាប្រធានមន្ទីរបញ្ហាជាច្រើនបានកើតមានឡើងនៅក្នុងមន្ទីរ ជាពិសេស គឺអំពើពុករលួយ ហើយផលប្រយោជន៍ដែលបានមកស្ទើរទាំងអស់ ត្រូវបានលោកប្រធានមន្ទីរក្ដោបក្ដាប់សឹងតែម្នាក់ឯង សូម្បីតែមន្ត្រីជំនិតរបស់គាត់ពេលខ្លះក៏មិនបានលិតដែរ ។ ចំពោះថវិកាជាតិដែលចំណាយនៅក្នុងមន្ទីរទេសចរខេត្តស្វាយរៀង ក្នុងមួយឆ្នាំៗ គឺត្រូវបានលោកប្រធានមន្ទីរកិបកេងអស់មិនតិចជាង៥០លានរៀល ក្នុងនោះគឺកឹបកេងប្រាក់សម្រាប់ថែទាំជួសជុលអគារ ថែទាំជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេសបង្កើតឈ្មោះមន្ត្រីកិច្ចសន្យាខ្មោច និងមន្ត្រីអណ្ដែតខ្មោច ដើម្បីយកប្រាក់ស៊ីចាយផ្ទាល់ខ្លួន រួមនឹងការកឹបកេងប្រេងឥន្ធនៈ ក្នុងមួយឆ្នាំៗមិនតិចជាង២០០០លិត្រ។ ក្រៅពីនោះលោកប្រធានមន្ទីរ វ៉ាន់ សារ៉ាត កិបកេងប្រាក់ចំណូលដែលមកពីវិស័យឧស្សាហកម្មទេសចរសម្រាប់ចែកមន្ត្រីរាជការមួយផ្នែកធំ ដោយគាត់អះអាងថា គាត់ត្រូវតែយកច្រើនជាងគេ ដោយសារតែគាត់ជាប្រធានមន្ទីរ ។ បន្ថែមពីនោះទៅទៀត រូបគាត់ក៏ទទួលបានផលប្រយោជន៍មួយចំនួនធំពីម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅក្រុងស្វាយរៀង និងក្រុងបាវិតផងដែរ។
តាមប្រភពបានបញ្ជាក់ឲ្យដឹងថា ដោយសារតែលោកប្រធានមន្ទីរ វ៉ាន់ សារ៉ាត គាត់ជាមនុស្សពូកែកិបកេងថវិកាជាតិ និងថវិកាដែលជាផលប្រយោជន៍មន្ត្រីក្រោមឱវាទធ្វើឲ្យរូបគាត់មានជីវភាពអភិវឌ្ឍគួរឲ្យគត់សំគាល់។
ទាក់ទងការរិះគន់ខាងលើបានសុំការបំភ្លឺពីលោកប្រធានមន្ទីរ វ៉ាន់ សារ៉ាត ដែរ តែនៅពេលទូរស័ព្ទចូលគាត់បានឆ្លើយថា ជាប់រវល់នៅច្រកទ្វារព្រំដែនបាវិត៕
» ព័ត៌មានជាតិ » ធ្លាយរឿងអាស្រូវប្រធានមន្ទីរទេសចរខេត្តស្វាយរៀង ស៊ីមិនចេះចែក