ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង7 យប់ ថ្ងៃទី19 ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវបេតុង ស្តិតnOភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះ ឈ្មោះ ប៊ូស៊ុង អាយុ៣២ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិពន្លៃ ឃុំព្រែកព្នៅ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក Honda C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1A 4087 រងរបួសធ្ងន់ ចំណែកឯអ្នកបើកបរម៉ូតូបង្កហេតុ ឈ្មោះ ឥត សុវណ្ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិជម្ពូនវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ជិះម៉ូតូម៉ាក Honda C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១ Bf 8459 រងរបួសធ្ងន់ ។
នៅមុនពេលកើតហេតុ ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ជ្រុលប៉ះរថយន្តមួយគ្រឿងរងការខូចខាតបន្តិចបន្តួច ហើយបានព្យាយាមបើករត់គេច ក៏ទៅបុកនឹងម៉ូតូជនរងគ្រោះដែលបើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ បាក់ដងកាំបិតខាងឆ្វេងខ្លួនឯង រីឯអ្នកបើកបរម៉ូតូរងគ្រោះរងរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ ៕