ខេត្ដសៀមរាប ៖ កម្លាំងកងរាជ អាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀន ខេត្ដបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់នៅក្នុងផ្ទះ១កន្លែងក្នុងក្រុងសៀមរាប ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៥នៅផ្ទះជនសង្ស័យក្នុងភូមិវត្ដ ដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀម រាប។
ជនសង្ស័យដែលឃាត់ខ្លួន ទាំង៤នាក់នោះទី១-ឈ្មោះហាក់ ប៊ុនហាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត សាកលវិទ្យាល័យបៀលប្រាយឆ្នាំទី១ ផ្នែកអាយធី (ជួញដូរ) មានទីលំនៅភូមិ ត្រញំងសេះ សង្កាត់គោកចក ក្រុង សៀមរាប, ទី២-ឈ្មោះសុធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្សសាលាពូឌឺ ព្រូល (ចាត់ចែងឱ្យប្រើប្រាស់) ស្នាក់នៅ ភូមិវត្ដបូព៌ សង្កាត់សាលាកំរើក ក្រុង សៀមរាប, ទី៣-ឈ្មោះវ៉ាន់ ច័ន្ទរិទ្ធី ភេទ ប្រុស អាយុ១៩ ឆ្នាំមុខរបរនិស្សិត សាកលវិទ្យាល័យបៀលប្រាយឆ្នាំទី២ផ្នែក ទេសចរណ៍ (ចាត់ចែងឱ្យប្រើប្រាស់) មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយ ដង្គុំ និងទី៤-ឈ្មោះសួន រ៉ាយីត ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត សាកលវិទ្យាល័យបៀលប្រាយឆ្នាំទី២ផ្នែក ទីផ្សារ (ចាត់ចែងឱ្យប្រើប្រាស់) មាន ទីលំនៅភូមិវត្ដដំណាក់ សង្កាត់សាលា កំរើក ក្រុងសៀមរាប។
ក្រោយពីចុះឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួច មកកម្លាំងជំនាញបាននាំយកមកសាកសួរនៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ដនិងដកហូតវត្ថុតាងរួម មានទូរសព្ទ័ដៃ៩គ្រឿង,ម្សៅគ្រើមពណ៌សថ្លា៣កញ្ចប់ធំ ៣កញ្ចប់តូច មានទម្ងន់ ១៨,១ក្រាម,ម៉ូតូ៣គ្រឿងនិងឧបករណ៍ បម្រើឱ្យគ្រឿងញៀនមួយចំនួនធំ។
ជនសង្ស័យចំនួន៤នាក់រួមននឹងវត្ថុ តាងត្រូវបានកម្លាំងកងរាជអាវុធនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ដើម្បី ចាត់ការតាមច្បាប់ ៕