រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកឃាត់ខ្លួន កាលពីវេលាយប់ ថ្ងៃទី១៦ សីហា ២០១៥ នៅចំណុចក្រុម១ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ក្រោយពីរូបគេបានយកដាវគំរាមក្នុងគ្រួសារ ។
ជនសង្ស័យឈ្មោះឡេង ផល្លាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធមានឈ្មោះនៅ ស្រីទុំ ភេទស្រី អាយុ២៧ឆ្នាំ ទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
មុនកើតហេតុគេឃើញជនសង្ស័យបានស្រែកជេរប្រមាថស្ត្រីជាប្រពន្ធខ្លាំងៗ ហើយថែមទាំងយកដាវមកកាន់គំរាមសម្លាប់ ដុតផ្ទះ រហូតដល់បោកប្រាស់សំភារៈទៀតផង លុះដល់ម្តាយក្មេកចូលមកឃាត់ជនសង្ស័យក៏យកទឹកក្តៅមកជះលើជើងថែមទៀត ដោយឃើញសភាពកាន់តែធ្ងន់ឡើងៗ ស្ត្រីជាប្រពន្ធក៏បានមករាយការណ៍ដល់ប្រជាការពារឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕