ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ក្រុមអាជីវករផ្សារដើមគរជាច្រើននាក់ បាននាំគ្នាកាន់បដា ស្រែកតវ៉ានៅមុខភូមិគ្រឹះសម្តេច ហ៊ុន សែន ស្វែងរកកិច្ចអន្តរាគមន៍បញ្ឈប់ គម្រោងសាងសង់ផ្សារ។
នៅក្នុងញ្ញត្តិស្វែងរកកិច្ចអន្តរាគមន៍នោះ ក្រុមអាជីវករបានសម្តែងការព្រួយបារម្ភថា គម្រោងសាងសង់ផ្សារដើមគរ នឹងធ្វើឲ្យផ្សាររដ្ឋមួយនេះ ក្លាយទៅជាផ្សារឯកជន ហើយតម្រូវឲ្យពួកគាត់ជាអាជីវករត្រូវចំណាយលុយថ្លៃទិញតូប និងជួលតូបប្រចាំខែ ដែលធ្វើឲ្យការចំណាយរបស់គាត់កើនឡើងកាន់តែច្រើន។
ក្នុងញត្តិគោរពជូនសម្តេចតេជោ ក្រុមអាជីវករ បានសរសេរថា «ការបកស្រាយលើគម្រោងសាងសង់ផ្សារដើមគរថ្មី ពួកយើងខ្ញុំនៅតែមានក្តីកង្វល់ និងព្រួយបារម្ភជាពន់ពេកថា សាលារាជធានីភ្នំពេញ និងប្រែក្លាយផ្សារដើមគរ ដែល ជាផ្សាររបស់រដ្ឋ ឲ្យទៅជាផ្សារឯកជន តម្រូវឲ្យអាជីវករមានការជួលតូប ឬបង់ថវិកាប្រចាំខែ ឬឆ្នាំ បន្ទាប់ពីធ្វើការ សាងសង់រួច។ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរព យើងខ្ញុំជាអាជីវករ ដែលលក់ដូរនៅក្នុងផ្សារ ទាំងអស់ សូមជម្រាបជូនលោកទាំងទ្វេរ មេត្តាជ្រាបថា បច្ចុប្បន្នយើងខ្ញុំទាំងអស់មិនទាន់មានបំណងចង់រុះរើ និង សាងសង់ផ្សារជាថ្មីភ្លាមៗនោះទេ ដូច្នេះសូមសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍កុំឲ្យ មានការរុះរើ និងសាងសង់ផ្សារដើមគរថ្មី រហូតដល់អាណត្តិផ្សារឆ្នាំ២០២១»។
បន្ទាប់ពីការឈរលើកបដាអស់មួយរយៈពេលខ្លី លោក ប៉ាល់ ច័ន្ទតារា បានចេញមកទទួលញត្តិ និងសន្យានាំយកញត្តិទៅប្រគល់ជូនសម្តេចតេជោ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់។ ក្រុមអាជីវករ ក៏បានរំសាយទៅវិញ នៅវេលាម៉ោង ៩ព្រឹក បន្ទាប់ពីញត្តិតវ៉ារបស់ពួកគាត់ ត្រូវបានដាក់ជូនសម្តេចតេជោ។
ឆ្លើយតបនិងគម្រោងសាងសង់ផ្សារនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បានកោះប្រជុំសាក សួរមតិក្រុមអាជីវករជាច្រើនដងមកហើយ ហើយអភិបាល ក៏ធ្លាប់បានចុះទៅដល់ផ្សារចែកចាយទំនិញដ៏ធំក្នុងរាជ ធានីភ្នំពេញមួយនេះផងដែរ។
លោក ប៉ា សុជាតិវង្ស ធ្លាប់បានបញ្ជាក់ថា ការសាងសង់ផ្សារនេះ គឺធ្វើឡើងទៅតាមការសម្រេចចិត្តរបស់អាជីវករ ពោលបើអាជីវករភាគច្រើនមិនចង់សាងសង់ សាលារាជធានី ក៏មិនដំណើរការសាងសង់នោះដែរ គឺរង់ចាំរហូត ដល់បញ្ចប់កិច្ចសន្យា។
បើតាមលោក ប៉ា សុជាតិវង្ស គម្រោងសាងសង់ផ្សារដើមគរថ្មីនេះ ក្នុងបំណងប្រែក្លាយផ្សារឲ្យទៅជាផ្សារមួយមាន របៀបរៀបរយ និងល្អប្រសើរជាងពេលបច្ចុប្បន្ន។ លោក អភិបាល ក៏ធ្លាប់បញ្ជាក់ផងដែរថា ផ្សារថ្មី មិនធ្វើឲ្យអាជីវ ករ បាត់បង់តូបនោះទេ តែផ្ទុយទៅវិញ វាបានជួយឲ្យការលក់ដូររបស់ពួកគាត់បានកាន់តែល្អប្រសើរជាងពេលបច្ចុ ប្បន្នថែមទៀត៕