ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃទី១ កញ្ញា ២០១៣ បន្ទាប់ពីឃាត់ខ្លួនរយៈពេល២ថ្ងៃ ពីបទឆបោកដែលនារីនេះទិញរថយន្តទំនើបជិះ តែមិនព្រមប្រគល់ប្រាក់ឱ្យទៅម្ចាស់រថយន្ត ។
ស្ត្រីម្នាក់នេះឈ្មោះចូវ មុំ អាយុ៤៥ឆ្នាំ ត្រូវបានគេដឹងថា ជាអ្នករកស៊ីលក់ដូរ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ២៥១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ត្រូវបានឃាត់ខ្លួនដោយមន្ត្រីកងរាជអាវុធហត្ថការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការរាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្តឈ្មោះហៃ កន អាយុ៣៣ឆ្នាំ ជាអ្នករកស៊ីលក់ដូរ
ផ្ទះលេខ៤៤៥ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
មន្ត្រីកងរាជអាវុធហត្ថការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការរាជធានីភ្នំពេញបានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះហៃ កន ចោទប្រកាន់ថា ស្ត្រីឈ្មោះចូវ មុំ បានទិញរថយន្តម៉ាកឡិចស៊ីស RX470 ពណ៌បៃតង ពីគាត់ក្នុងតម្លៃ២២.០០០ដុល្លារ ហើយស្ត្រីឈ្មោះចូវ មុំ នេះ មិនមានប្រាក់ប្រគល់ជូននោះទេ
ដោយសុំដាក់ប្លង់ដីធានា ហើយថា មួយសប្តាហ៍នឹងប្រគល់លុយគ្រប់ជូនម្ចាស់រថយន្ត។
មន្ត្រីកងរាជអាវុធហត្ថក៏បានហៅ ឈ្មោះចូវ មុំ ឱ្យចូលបំភ្លឺបានដូចបំណង រួចហើយក៏ធ្វើការឃាត់ខ្លួនពីបទឆបោកដោយសារតែទិញរថយន្តគេមិន ព្រមប្រគល់ប្រាក់ ហើយប្លង់ដីគឺជាប្លង់ក្លែងក្លាយទៀត ដូច្នេះមានន័យថា ស្ត្រីរូបនេះឆបោកម្ចាស់រថយន្តឈ្មោះហៃ កន តែម្តង ៕