ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងទេសចរ លោក ថោង ខុន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេស៤លាននាក់ ក្នុងឆ្នាំនេះ ស្មើនឹងកំណើន ១២% បើប្រៀបធៀបពីឆ្នាំមុន។
យោងតាម គេហទំព័រក្រសួងទេសចរណ៍ បានឲ្យដឹងថា “ឆ្នាំមុន យើងបានទទួលនូវភ្ញៀវទេសចរអន្ដរជាតិ ៣,៥៨ លាននាក់ ស្មើនឹងកំណើន ២៤% ហើយបានផ្ដល់ចំណូល ២,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំនេះ យើងជឿថា ប្រទេសយើងនឹងអាចទទួលបានភ្ញៀវទេសចររហូតដល់៤លាននាក់”។
លោកថោង ខុន បានមានប្រសាសន៍ថា“ ប្រហែល ៧៥% នៃភ្ញៀវទេសចរ គឺមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រហែល ១៦% មកពីប្រទេសក្នុងតំបន់អឺរ៉ុប។ ម្យ៉ាងទៀត សមាជិកអាស៊ានមើលឃើញប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាគោលដៅទេសចរណ៍ដ៏សំខាន់របស់យើង ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាវៀតណាម”។
លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា ការតភ្ជាប់ជើងហោះហើរ គឺមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ដែលសព្វថ្ងៃយើងបានតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសចំនួន ប្រាំពីរហើយ ក្នុងចំណោមសមាជិកទាំង ១០ របស់អាស៊ាន លើកលែងប្រ៊ុយណេ និងឥណ្ឌូនេស៊ី។
ប្រទេសកម្ពុជា គឺជាគោលដៅសម្រាប់ការធ្វើទេសចរណ៍វប្បធម៌និងធម្មជាតិ។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានភាពល្បីល្បាញដោយសារប្រាសាទអង្គរវត្ដ សាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ជាបេតិកភណ្ឌពិភព។ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ ដែលលាតសន្ធឹង ក្នុងចម្ងាយ ៤៥០ គីឡូម៉ែត្រ ក្នុងខេត្តបួន ៖ កោះកុង ព្រះសីហនុ កំពត និងកែប។ ឆ្នេរសមុទ្រនោះ ត្រូវបានទទួលស្គាល់ជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រស្អាត ជាងគេ នៅលើពិភពលោក នៅខែឧសភា ឆ្នាំ២០១១ ផងដែរ៕