កំពង់ចាម៖ ស្នងការនគរបាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់មុននេះបន្តិចថា ប្រធានមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលទើបទទួលដំណែង នៅសប្តាហ៍នេះ ឈ្មោះ ហ៊ន ជីនហ៊ាត បានបើករថយន្តបុកមនុស្សចំនួន ២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់ និងស្រាលម្នាក់ នៅស្រុកចំការលើ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ប្រធានមន្ទីរពេទ្យរូបនេះ បានបើកបុកលើកទី១ ស្ថិតនៅមុខផ្សារថ្នល់បំបែក និងលើកទី២ ស្ថិតនៅមុខ សាលាស្រុកចំការលើ ហើយត្រូវបានកម្លាំងនគរបាលរបស់លោក ដេញចាប់បាននៅចំណុចឃុំត្រើង ស្រុកចំការលើ និងបញ្ជាឲ្យវាយខ្នោះហើយ។
ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ពីមន្ត្រីនគរបាលស្រុកចំការលើ ក៏បានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ក្នុងចំណោម២គ្រឿង ដែលបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមនោះ បានក្រឡាប់នៅស្រុកកំពង់សៀមទៀតផង តែមិនទាន់ដឹងថាមានអ្នកស្លាប់ ឬរបួសយ៉ាងណានោះទេ៕
» ព័ត៌មានជាតិ » មេពេទ្យអូររាំងឪបុកគេរត់ជាប់ខ្នោះ តែឡានពេទ្យមកដឹករបួសក្រឡាប់កណ្តាលផ្លូវទៀត