ខេត្តស្វាយរៀង ៖ មនុស្សម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត និងរបួសធ្ងន់ស្រាល២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៦ សីហា នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខស្ថានីយជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅភូមិគម្ពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ជនរងគ្រោះដែលស្លាប់ហើយមិនទាន់ស្គាល់អត្តសញ្ញាណ មានសម្បុរសណ្តែកបាយ អាយុប្រមាណជា៣១ឆ្នាំ ជិះម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BE-៥៩៥៥ ស៊េរីឆ្នាំ២០១៣ ។ រីឯភាគីម្ខាងទៀត មាន២នាក់ប្តីប្រពន្ធ បុរសជាប្តីឈ្មោះសាក់ សុភី អាយុ៤០ឆ្នាំ អ្នកបើកបរម៉ូតូកូរ៉េ ពណ៌ក្រហម ឌុបប្រពន្ធឈ្មោះ កុយ សាវី អាយុ៣៦ឆ្នាំ (ប្តីរងរបួសស្រាល ឯប្រពន្ធរងរបួសធ្ងន់បាក់ជើងឆ្វេងសន្លប់នៅនឹងកន្លែង) ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះដែលស្លាប់នេះ ជិះម៉ូតូម្នាក់ឯងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េឌុបប្រពន្ធឡើងចេញពីតូបលក់គ្រឿងក្លែម ទិសដៅពីត្បូងទៅជើង រួចបើកបញ្ឆិតថ្នល់ពីកើតមកលិចបញ្ច្រាសទិសគ្នា ក៏បុកចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ខ្ទាតចម្ងាយ៥ម៉ែត្រដួលបោកក្បាលទៅលើថ្នល់ជាតិលេខ១សន្លប់ស្តូកស្តឹងនៅនឹងកន្លែងមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែដោយរបួសក្បាលធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏ស្លាប់ ។ ចំណែកភាគីម៉ូតូសង់កូរ៉េ បុរសជាប្តីដឹកប្រពន្ធរងរបួសស្រាល ប៉ុន្តែស្ត្រីជាប្រពន្ធរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងសន្លប់នៅនឹងកន្លែង ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗទាំងយប់ ។
ប៉ុន្តែអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលក្រោយកើតហេតុនោះ លុះព្រឹកឡើងក៏មានមនុស្សមួយក្រុមមកអះអាងថា បុរសដែលស្លាប់ត្រូវជាប្អូន ត្រូវជាឪពុកមា បានមកសុំសព យកទៅផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយប្រាប់ថា សពនេះឈ្មោះ ចាន់ សាត ហៅ កូក (ទើបតែសឹក) អាយុ៣៤ឆ្នាំ នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ហើយខាងមន្ទីរពេទ្យ និងសមត្ថកិច្ចក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ខណៈដឹកសពចេញពីមន្ទីរពេទ្យទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឈ្មោះ ចាន់ សាត ទូរស័ព្ទមកម្តាយនិងប្អូន ហើយក្រុមគ្រួសារស្មានថា ខ្មោចបងប្រុសលងតាមទូរស័ព្ទ តែមិនអស់ចិត្តក៏ចុចទូរស័ព្ទទៅវិញ ទើបឈ្មោះ ចាន់ សាត ប្រាប់បងថា គាត់មិនស្លាប់ទេ គាត់នៅធ្វើការឯព្រែកលៀប រាជធានីភ្នំពេញ មិនបានទៅស្វាយរៀងទេ ហើយក៏មិនស្លាប់ដែរ ទើបសាច់ញាតិត្រេកអរនាំគ្នាដឹកសពយកមកប្រគល់ឲ្យមន្ទីរពេទ្យខេត្តវិញ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ ដោយប្រាប់ពេទ្យថាច្រឡំ «យកសពទៅហើយ យកសពត្រឡប់មកវិញ» ៕