ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងជិត ៩ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី១០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន រយៈពេល២ថ្ងៃ។
គណៈប្រតិភូអមដំណើរនាឱកាសនេះរួមមាន លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិង មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីពេលកន្លងទៅ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិព័រណ៍អាស៊ាន-ចិន លើក ទី១០ នេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ ពិព័រណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ទី៣ ខែ កញ្ញា ឆ្នាំ២០១៣នៅទីក្រុងណាន និងខេត្តក្វាងស៊ី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេស ក៏បានឲ្យដឹងផងដែរថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេ ជោ ហ៊ុន សែន នឹងជួបពិភាក្សា ការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន នឹងជួបជា មួយលោក លី ជីហេង អភិបាល ខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន៕