(កំពង់ចាម) : កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធដែលធ្លាប់ជាប់ពន្ធនាគារតែមិនរាងចាលនៅតែបន្តសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅស្រុកស្ទឹងត្រង់ដោយដកហូតបានថ្នាំញៀនចំនួន៤០កញ្ចប់និងជញ្ជីងអេឡិកត្រនិច១ព្រមទាំងឧបករណ៍វេចខ្ចប់មួយចំនួនផងដែរ។
ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៥សីហា២០១៥ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិមាឃទី៣ឃុំកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាប្តីឈ្មោះស្មាន់សុព្រីហៅរីអាយុ៣៨ឆ្នាំជាតិខ្មែរឥស្លាមធ្លាប់ជាប់ពន្ធនាគារលើករណីគ្រឿងញៀនចំនួន២ឆ្នាំនិងប្រពន្ធឈ្មោះឡឹបម៉ាស៊ីតោះជាតិខ្មែរឥស្លាមអាយុ៣៦ឆ្នាំមានផ្ទៃពោះជិតគ្រប់ខែដែលធ្លាប់ជាប់ពន្ធនាគារលើករណីគ្រឿងញៀនចំនួន១ឆ្នាំផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការសារជាថ្មីលើករណីគ្រឿងញៀនដដែល៕