រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលទូរសទ័ព្ទដៃម្នាក់ត្រូវបានឪពុក-ម្តាយរបស់ក្មេងស្រីរងគ្រោះចាប់ឃាត់ខ្លួនយកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក្រោយពីបុរសរូបនោះបានលួងលោមកូនស្រីរបស់ពួកគាត់ដែលមានអាយុទើបតែ១៤ឆ្នាំយកទៅរំលោភសេពសន្ថវៈបានសម្រេចចំនួន១លើក នៅក្នុងផ្ទះជួលរបស់គេ និងធ្វើការចរចាគ្នាមិនត្រូវនោះ ។
បុរសសង្ស័យរូបនេះមានឈ្មោះ ញឹម សុខរ័ត្ន អាយុ៣៥ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះជួលលេខL5 ផ្លូវព្រះនរោត្តម ម្តុំផ្សាររន្ទះបាញ់ ក្រុម៥៩ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានឪពុក-ម្តាយរបស់ក្មេងស្រីរងគ្រោះម្នាក់ចោទថា បានលួងលោមកូនស្រីរបស់គាត់យកទៅរំលោភបានសម្រេចបានចំនួន១លើក និងធ្វើការចរចាពីប្រាក់សំណងជម្ងឺចិត្តមិនត្រូវ ក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឱ្យប៉ូលិសតែម្តង ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ អ.ដ.វ អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ សាលា ជា ស៊ីម បឹងកេងកង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងកេងកងទី១ ជាមួយឪពុក-ម្តាយ និងមានទីលំនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានត្រូវបុរសសង្ស័យខាងលើលួងលោមយកទៅរំលោភក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនបានសម្រេចចំនួន១លើកកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ៕